
កាលពីថ្ងៃទី ២៧ ខែមីនា លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានបរិច្ចាគសៀវភៅដ៏មានតម្លៃដល់សាកលវិទ្យាល័យក្នុងនាម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ឯកឧត្តម ចា វិនជាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយលោកជំទាវ សឿង រដ្ឋចាវី។ ភាគីទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្សជាន់ខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរវប្បធម៌។
បន្ទាប់ពីកិច្ចពិភាក្សា លោកជំទាវឯកអគ្គរាជទូត សឿង រដ្ឋចាវី បានបរិច្ចាគសៀវភៅដល់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយឯកឧត្តម ចា វិនជាន បានទទួលសៀវភៅក្នុងនាមសាកលវិទ្យាល័យ និងប្រគល់វិញ្ញាបនបត្រជូនលោកជំទាវឯកអគ្គរាជទូត។ បន្ទាប់មក លោកជំទាវបានទស្សនាការច្រៀងបទចម្រៀងជាភាសាខ្មែរដោយនិស្សិតជំនាញភាសាខ្មែរនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយសាស្ត្រាចារ្យ និងនិស្សិត។