ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយ អញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2026-02-25

កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឯកឧត្តម Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម លី ហៃ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តមសកលវិទ្យាធិការ ចា វិនជីន លោកសកលវិទ្យាធិការរង ចាវ កាង ឯកឧត្តម ហួង យ៉ាជុង ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសអ៊ុយរូហ្គាយ ឯកឧត្តម ចាំង វិនវៃ ទីប្រឹក្សានៃនាយកដ្ឋានកិច្ចការអាមេរិកឡាទីន និងការ៉ាប៊ីននៃក្រសួងការបរទេសចិន និងលោក ចាំង ជីន អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិនៃក្រសួងអប់រំចិន បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅម៉ោង ៩:០០ ព្រឹក ឯកឧត្តម Yamandu Orsi បានអញ្ជើញមកដល់កន្លែងដាំដើមឈើមិត្តភាព ចិន-អ៊ុយរូហ្គាយ ដែលដាំដុះដោយឯកឧត្តម Mujica អតីតប្រធានាធិបតីអ៊ុយរូហ្គាយនៅឆ្នាំ ២០១៣ ហើយបានបន្ថែមដីទៅលើដើមឈើនោះ  អមដំណើរដោយឯកឧត្តម លី ហៃ និងឯកឧត្តម ចា វិនជីន ព្រមទាំងសម្ពោធស្លាកឱ្យដើមឈើមិត្តភាព ចិន-អ៊ុយរូហ្គាយ ថ្មី។ ឯកឧត្តម លី ហៃ បានប្រគល់សញ្ញាបត្រថែទាំដើមឈើជូនឯកឧត្តម Yamandu Orsi

បន្ទាប់មក គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Yamandu Orsi បានទៅដល់សាលប្រជុំវិនហួ ដើម្បីជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងសាលាមធ្យមសិក្សាចំនួន ១៦ ក្នុងទីក្រុងប៉េកាំង។ ឯកឧត្តម ចា វិនជីន បានចូលរួមជាអ្នកសម្របសម្រួល។

ឯកឧត្តម លី ហៃ បានថ្លែងសុន្ទរកថាក្នុងនាមសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីទទួលស្វាគមន៍ឯកឧត្តម Yamandu Orsi។ ឯកឧត្តម លី ហៃ បានបញ្ជាក់ថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអ៊ុយរូហ្គាយ ហើយទន្ទឹងរង់ចាំការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវនៃប្រទេសអ៊ុយរូហ្គាយ ដើម្បីបណ្តុះបណ្តាលទូតវ័យក្មេងកាន់តែច្រើនដែលមានជំនាញខាងភាសា និងវប្បធម៌រវាងគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់មិត្តភាពចិន-អ៊ុយរូហ្គាយ។

ឯកឧត្តម Yamandu Orsi បានថ្លែងសុន្ទរកថាសំខាន់។ ឯកឧត្តមបានមានប្រសាសន៍ថា ចំណូលស្នូលនៃទំនាក់ទំនងដ៏ល្អប្រសើរ និងប្រកបដោយស្ថិរភាពរវាងប្រទេស និងប្រទេស គឺការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយការផ្លាស់ប្តូរអំពីការសិក្សាស្រាវជ្រាវបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់។ ការផ្លាស់ប្តូរអំពីការសិក្សាស្រាវជ្រាវរវាងប្រទេសចិន និងអ៊ុយរូហ្គាយ ក៏ដូចជារវាងប្រទេសចិន និងអាមេរិកឡាទីន តំណាងឱ្យកម្រិតកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅបំផុត និងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរអាចរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក បំបែកព្រំដែននៃការយល់ដឹង និងរួមគ្នាលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា។

បន្ទាប់ពីបានថ្លែងសុន្ទរកថា ឯកឧត្តម Yamandu Orsi បានសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សនិស្សិតចិន។ ឯកឧត្តម លី ហៃ បានប្រគល់ជូនឯកឧត្តម Yamandu Orsi នូវគំនូរដើមឈើមិត្តភាព ចិន-អ៊ុយរូហ្គាយ ដែលគូរដោយនិស្សិតមហាវិទ្យាល័យភាសាអេស្ប៉ាញ និងព័រទុយហ្គាល់នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ឯកឧត្តម Yamandu Orsi បានទៅទស្សនាការតាំងពិព័រណ៍អំពីសមិទ្ធផលនៃការផ្លាស់ប្តូរការបង្រៀនរបស់និស្សិតជំនាញភាសាអេស្ប៉ាញនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានចារពាក្យដោយផ្ទាល់ដៃ។ និស្សិតជំនាញភាសាអេស្ប៉ាញបានសម្តែងកម្មវិធីច្រៀងចម្រៀងហើយបានទទួលនូវការអបអរសាទរយ៉ាងកក់ក្តៅពីទស្សនិកជនគ្រប់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយរូហ្គាយ ឯកអគ្គរដ្ឋទូតប្រទេសអ៊ុយរូហ្គាយប្រចាំប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបសុសត្វ កសិកម្ម និងនេសាទអ៊ុយរូហ្គាយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថាមពល និងរ៉ែអ៊ុយរូហ្គាយ និងសមាជិកគណៈប្រតិភូជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។