
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ លោកជំទាវ Iliana Yotova អនុប្រធានាធិបតីប៊ុលហ្គារី បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តមសកលវិទ្យាធិការ ចា វិនជាន បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយលោកជំទាវ Iliana Yotova។
ឯកឧត្តម ចា វិនជាន បានធ្វើបទឧទ្ទេសនាមអំពីការផ្លាស់ប្តូរអន្តរជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស និងសមិទ្ធផលថ្មីៗក្នុងសមាហរណកម្មពហុមុខជំនាញរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តមបានថ្លែងថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកម្មវិធីអប់រំភាសាប៊ុលហ្គារី និងការអភិវឌ្ឍមុខជំនាញពាក់ព័ន្ធ ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលប៊ុលហ្គារី និងស្ថានទូតប្រទេសប៊ុលហ្គារីប្រចាំប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភដល់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានឆន្ទៈក្នុងការបញ្ចេញឧត្តមភាពផ្នែកភាសារបស់ខ្លួន ដើម្បីជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវវ័យក្មេងនៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ លោកជំទាវ Iliana Yotova បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍមុខជំនាញមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ហើយបានសម្តែងក្តីសង្ឃឹមសម្រាប់ការជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងកាន់តែច្រើនរវាងនិស្សិត និងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរនាពេលអនាគត និងបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលប៊ុលហ្គារីក្នុងការសហការជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការអប់រំ។
បន្ទាប់ពីជំនួបនេះ លោកជំទាវ Iliana Yotova បានថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានចូលរួមក្នុងការសន្ទនាជាមួយគ្រូ និងនិស្សិត។
ក្នុងឱកាសនេះ លោកជំទាវ Iliana Yotova បានប្រគល់ដល់លោក ម៉ា ស៊ីភូ អ្នកស្រាវជ្រាវពិសេសនៃមជ្ឈមណ្ឌលភាសាប៊ុលហ្គារីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង នូវមេដាយ Saints Cyril និង Methodius លំដាប់លេខ ១ នៃសាធារណរដ្ឋប៊ុលហ្គារី ដើម្បីកោតសរសើរដល់ការរួមចំណែកដ៏ឆ្នើមរបស់លោកក្នុងការលើកកម្ពស់ការផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងវប្បធម៌ប៊ុលហ្គារីនៅក្នុងប្រទេសចិន។