កាលពីថ្ងៃទី ១១ ដល់ទី ១៣ ខែឧសភា កិច្ចប្រជុំលើកទី ៨ នៃសាខាគណៈកម្មាធិការសហប្រតិបត្តិការផ្នែកអប់រំចិន-បេឡារុស កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំចិន-អាស៊ីកណ្តាលលើកទី ១ កិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃសាកលវិទ្យាល័យអង្គការសហប្រតិបត្តិការក្រុងសៀងហៃ កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំនៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការក្រុងសៀងហៃលើកទី ៩ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត បានប្រារព្ធឡើងនៅទីក្រុងអ៊ូរូមូឈី តំបន់ស៊ីនជាំង ប្រទេសចិន។ ឯកឧត្តម ចា វិនជីន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធ។

នៅរសៀលថ្ងៃទី ១១ ខែឧសភា កិច្ចប្រជុំលើកទី ៨ នៃសាខាគណៈកម្មាធិការសហប្រតិបត្តិការផ្នែកអប់រំចិន-បេឡារុសបានប្រារព្ធជាផ្លូវការ។ ឯកឧត្តម អ៊ូ យ៉ាន អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម អានត្រី អ៊ីវ៉ាន់នេតស៍ រដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋបេឡារុស។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចា វិនជីន ឯកឧត្តម អានត្រី ខូរ៉ូល សកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋបេឡារុស និងលោកជំទាវ ឡាបជាវ៉ា ណាតាលីយ៉ា សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសារដ្ឋ Minsk បានរួមគ្នាសម្ពោធស្លាកនៃមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ចិន-បេឡារុស។
នាព្រឹកថ្ងៃទី ១២ ខែឧសភា កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំចិន-អាស៊ីកណ្តាលលើកទី ១ បានប្រារព្ធជាផ្លូវការ។ ឯកឧត្តម ហួ ជីនភឺង រដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ចា វិនជីន និងឯកឧត្តម ខេនជីល ប៉ាយេវ៉ា រដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានចុះហត្ថលេខាលើ "អនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងអប់រំ និងវិទ្យាសាស្ត្រនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន"។
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃសាកលវិទ្យាល័យអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានប្រារព្ធឡើងជាផ្លូវការ។ ឯកឧត្តម ចា វិនជីន បានអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំ ហើយលោកស្រី តៃ គួយជូ ប្រធានមហាវិទ្យាល័យភាសារុស្ស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើបាឋកថាក្នុងវេទិកាអប់រំឌីជីថល។
នៅព្រឹកថ្ងៃទី ១៣ ឧសភា កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំនៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានប្រារព្ធឡើងជាផ្លូវការ។ ក្នុងអំឡុងកិច្ចប្រជុំនេះ ក្នុងនាមជាតំណាងនៃអង្គភាពផ្តួចផ្តើម ឯកឧត្តម ចា វិនជីន បានអញ្ជើញចូលរួមពិធីសម្ពោធស្លាក "សម្ព័ន្ធការអប់រំឌីជីថលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ" និង "មជ្ឈមណ្ឌលច្នៃប្រឌិតការបណ្តុះបណ្តាលថ្នាក់បណ្ឌិតប្រទេសចិន-អង្គការសហប្រតិបត្តិការក្រុងសៀងហៃ"។