ភាសាខ្មែរ > ព័ត៌មាន > 正文

គណៈប្រតិភូនៃសមាគមនិស្សិតកម្ពុជានៅប្រទេសចិនធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ី

Updated: 2024-10-17

នៅថ្ងៃទី ២៥ ខែកញ្ញា គណៈប្រតិភូនៃសមាគមនិស្សិតកម្ពុជានៅប្រទេសចិនដែលដឹកនាំដោយលោក Um Vuty ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សានៃសមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានធ្វើទស្សនកិច្ចនៅមហាវិទ្យាល័យសិក្សាអាស៊ី។ លោក គូ ចាយូន អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកស្រី យ៉ាន សៀហ្វាង អនុប្រធានការិយាល័យកិច្ចការនិស្សិតអន្តរជាតិ បានចូលរួមកិច្ចពិភាក្សានេះ។

លោក គូ ចាយូន បានសម្តែងនូវការស្វាគមន៍ចំពោះលោក Um Vuty និងគណៈប្រតិភូកម្ពុជា។ លោកបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យសិក្សាអាស៊ី និងសមាគមនិស្សិតកម្ពុជានៅប្រទេសចិន ព្រមទាំងស្ថានភាពនៃការអភិវឌ្ឍរបស់មហាវិទ្យាល័យសិក្សាអាស៊ី។ លោកសង្ឃឹមថា លោកប្រធាន Um Vuty នឹងណែនាំសិស្សខ្មែរដ៏ឆ្នើមកាន់តែច្រើនឱ្យមកសិក្សានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

លោក Um Vuty បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់សមាគមនិស្សិតកម្ពុជានៅប្រទេសចិន។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យនិស្សិតកម្ពុជាមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោកបានបន្ថែមទៀតថា លោកនឹងរាយការណ៍ពីដំណើរទស្សនកិច្ចនេះជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយលើកទឹកចិត្តឱ្យនិស្សិតខ្មែរមកសិក្សានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងចិន។