ភាសាខ្មែរ > ព័ត៌មាន > 正文

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំសន្និសីទការងារប្រចាំឆ្នាំនៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិកឆ្នាំ ២០២៤

Updated: 2024-09-10

ថ្ងៃទី ៥ ខែកញ្ញា សន្និសីទការងារប្រចាំឆ្នាំនៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិកបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិប៉េកាំង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ទទួលបន្ទុកអនុវត្តដោយលេខាធិការដ្ឋានភាគីចិន និងវិទ្យាស្ថានស្រាវជ្រាវនៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិក ក្រោមប្រធានបទ "ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការនៃការអប់រំថ្នាក់ឧត្តមសិក្សារវាងប្រទេសចិន និងអាហ្វ្រិកក្នុងយុគសម័យឌីជីថល"។ តំណាងមកពីសាកលវិទ្យាល័យចំនួន ៣៥ នៃប្រទេសអាហ្វ្រិកចំនួន ១៩ រួមមានតង់ហ្សានី នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង កេនយ៉ា អេត្យូពី ទុយនេស៊ី ហ្គាណា អ៊ូហ្គង់ដា រវ៉ាន់ដា កាមេរូន ម៉ាឡាវី បេនីន កុងហ្គោ(DRC) ម៉ូសំប៊ិក និងសូម៉ាលីជាដើម និងតំណាងប្រទេសចិនមកពីសាកលវិទ្យាល័យចំនួនជាង ៥០ បានចូលរួមសន្និសីទនេះ។

ឯកឧត្តម អ៊ូ យ៉ាន អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងភ្ញៀវកិត្តិយសដែលមកពីប្រទេស និងស្ថាប័នពាក់ព័ន្ធបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ។ បន្ទាប់ពីពិធីបើកកិច្ចប្រជុំ ពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំចិន-អាហ្រ្វិកសំខាន់ៗមួយចំនួនធំ និងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលសហប្រតិបត្តិការសំខាន់ៗត្រូវបានប្រារព្ធឡើង។ គម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំចិន-អាហ្វ្រិកចំនួន ១៤ ត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ "បណ្តុំគម្រោងកិច្ចសហប្រតិបត្តិការនៃការអប់រំថ្នាក់ឧត្តមសិក្សាចិន-អាហ្វ្រិក" "របាយការណ៍ស្តីពីការអភិវឌ្ឍឌីជីថលស្តីពីការអប់រំចិន-អាហ្វ្រិកក្នុងយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្រ្វិក" និងលទ្ធផលមួយចំនួនទៀតត្រូវបានចេញផ្សាយជាផ្លូវការ។ វេទិកាសហប្រតិបត្តិការឌីជីថលនៃសម្ព័ន្ធផ្លាស់ប្តូរសាកលវិទ្យាល័យចិន-អាហ្វ្រិកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងនាយកប្រតិបត្តិភាគីចិននៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិក និងឯកឧត្តម អូលូសុរ៉ា អូយេអួលឺ អគ្គលេខាធិការនៃសមាគមសាកលវិទ្យាល័យអាហ្វ្រិក និងជានាយកប្រតិបត្តិភាគីអាហ្វ្រិក បានធ្វើរបាយការណ៍ការងាររៀងៗខ្លួនស្តីពីយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិក។

កិច្ចសន្ទនាសិក្សាស្រាវជ្រាវចំនួនបីត្រូវបានប្រារព្ធឡើងក្នុងសន្និសីទនេះ។ ថ្នាក់ដឹកនាំ និងភ្ញៀវមកពីសាកលវិទ្យាល័យប្រទេសចិន និងអាហ្រ្វិកបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីប្រធានបទដូចជា "កិច្ចសហប្រតិបត្តិការអប់រំ និងការចែករំលែកចំណេះដឹងក្នុងយុគសម័យឌីជីថល" "ការអប់រំឌីជីថល និងការផ្លាស់ប្តូរឆ្លងវប្បធម៌" និង "កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងយុគសម័យឌីជីថល" ។