ភាសាខ្មែរ > ព័ត៌មាន > 正文

សម្ព័ន្ធសេវាកម្មស្ម័គ្រចិត្តសកលដែលផ្តួចផ្តើមដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ត្រូវបានបង្កើតឡើងជាផ្លូវការ

Updated: 2024-08-09

ថ្ងៃទី ២៥ ខែកក្កដា វេទិកាសង្គមស៊ីវិល ចិន-អាហ្វ្រិក លើកទី ៧ និងវេទិកាអ្នកដឹកនាំវ័យក្មេង ចិន-អាហ្វ្រិក លើកទី ៧ បានប្រារព្ធឡើងនៅទីក្រុងឆាងសានៃខេត្តហ៊ូណាន។ អ្នកដឹកនាំនយោបាយសំខាន់ អតីតអ្នកដឹកនាំនយោបាយ អ្នកដឹកនាំគណបក្សនយោបាយ និងអ្នកដឹកនាំវ័យក្មេង ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងធនាគារខួរក្បាលដែលមកពីប្រទេសអាហ្រ្វិកចំនួនជាង ៥០ សរុបជាង ២០០ នាក់ បានចូលរួមក្នុងវេទិកានេះ។ ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក ចា តឺជុង អនុលេខាធិការគណបក្ស បានទទួលការអញ្ជើញឱ្យចូលរួមក្នុងពិធីបើកវេទិកានេះ។

បញ្ជីសមិទ្ធផល "តភ្ជាប់ដួងចិត្តតាមផ្លូវសូត្រ៖ ផែនការភាពជាដៃគូមិត្តភាពសង្គមស៊ីវិល ចិន-អាហ្វ្រិក (២០២៤-២០២៦) ត្រូវបានចេញផ្សាយក្នុងពិធីបើកវេទិកានេះ។ សម្ព័ន្ធសេវាកម្មស្ម័គ្រចិត្តសកល និងផែនការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់ស្ត្រីបង្កើតមុខជំនួញ ចិន-អាហ្រ្វិក ដែលផ្តួចផ្តើមដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងគម្រោងនៃការបោះជំរំយុវជនអំពីបញ្ញាសិប្បនិម្មិតដែលរួមគ្នាផ្តួចផ្តើមដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងក្រុមហ៊ុន Alibaba Group ជាដើម ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសមិទ្ធផលនេះ។

វេទិកាសេវាកម្មស្ម័គ្រចិត្តអន្តរជាតិដែលរៀបចំក្នុងឱកាសវេទិកាសង្គមស៊ីវិល ចិន-អាហ្វ្រិក លើកទី ៧ និងវេទិកាអ្នកដឹកនាំវ័យក្មេង ចិន-អាហ្វ្រិក លើកទី ៧ នេះ បានប្រារព្ធឡើងនារសៀលថ្ងៃដដែលនោះ។ សម្ព័ន្ធសេវាកម្មស្ម័គ្រចិត្តសកល និងមូលនិធិពិសេសនៃសេវាកម្មស្ម័គ្រចិត្តសកលដែលផ្តួចផ្តើមដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង គឺជាសមិទ្ធផលតំណាងមួយនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីសេវាកម្មស្ម័គ្រចិត្តរវាងប្រទេសចិន និងអាហ្វ្រិក។ ឯកឧត្តម ទួន គួយឈីង អគ្គលេខាធិការរងនៃសហព័ន្ធសេវាកម្មស្ម័គ្រចិត្តចិន ឯកឧត្តម វ៉ាង ខឺ អគ្គលេខាធិការរងនៃសមាគមជំរុញការផ្លាស់ប្តូរអន្តរជាតិនៃអង្គការសង្គមស៊ីវិលចិន ឯកឧត្តម យ៉ាវ គួយឈីង អនុប្រធានក្រុមប្រឹក្សា និងជាអគ្គលេខាធិការនៃមូលនិធិពិសេសនៃសេវាកម្មស្ម័គ្រចិត្តចិន ឯកឧត្តម ចា វិនជាន សកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានរួមគ្នាបើកសម្ពោធសម្ព័ន្ធសេវាកម្មស្ម័គ្រចិត្តសកល និងមូលនិធិពិសេសនៃសេវាកម្មស្ម័គ្រចិត្តសកល។