ពេលថ្មីៗនេះ សិក្ខាសាលា“ពីសមុទ្រ Caspian ទៅប្រទេសចិន ៖ អក្សរសាស្ត្រ បច្ចេកវិទ្យា និងជីវិតសង្គម” បានរៀបចំដោយជោគជ័យនៅសាកលវិទ្យាល័យគរុកោសល្យខេត្តហ៊ឺប៉េប្រទេសចិន។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗអំពីតំបន់ពីសមុទ្រ Caspian ទៅប្រទេសចិន ហើយពិគ្រោះពិភាក្សាអំពីការផ្លាស់ប្តូរអរិយធម៌រវាងដីគោកអឺរ៉ុបនិងអាស៊ី តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីជំរុញការធ្វើកិច្ចសន្ទនារវាងប្រទេសតាមបណ្តោយ“ខ្សែក្រវាត់ និងផ្លូវ” បង្កើនការស្រាវជ្រាវអំពីអរិយធម៌នានា និងរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ។
វេទិកាចំនួន ៥ ត្រូវបានប្រារឰឡើងក្នុងឱកាសសិក្ខាសាលានេះ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានអក្សរសាស្ត្រ និងភាសាវិទ្យាជាដើម ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសក្នុងតំបន់សមុទ្រ Caspian និងមានសារៈសំខាន់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់ និងផ្លូវ” និងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ។
គួរបញ្ជាក់ មន្ត្រីការទូតប្រទេសអាស៊ែបៃហ្សង់ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងអាស៊ែបៃហ្សង់ ព្រមទាំងអ្នកស្រាវជ្រាវមកពីប្រទេសពាក់ព័ន្ធ សរុបមាន ១០៧ រូបមកពីប្រទេសចំនួន ១១ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។ លោក វ៉ាង ពួ អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងតំណាងការិយាល័យបង្រៀន និងអប់ភាសាអាស៊ែបៃហ្សង់ ក៏បានចូលរួមសិក្ខាសាលានេះដែរ។