កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ កិច្ចប្រជុំស្តីពីការជំរុញការងារ“ផែនការអំពីកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យមួយរយ ចិន-អាហ្វ្រិក”បានប្រារឰឡើងនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងជានាយកប្រតិបត្តិភាគីចិននៃ“យន្តការស្តីពីការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យ ចិន-អាហ្វ្រិក” ឯកឧត្តម ចាំង តាលាំង អនុប្រធានសមាគមការអប់រំឧត្តមសិក្សាចិន និងឯកឧត្តម ជាំង យូនលាំង លេខាបក្សនៃសាកលវិទ្យាល័យគរុកោសល្យខេត្តជឺជាំង និងជានាយកប្រតិបត្តិរងភាគីចិននៃ“យន្តការស្តីពីការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យ ចិន-អាហ្វ្រិក” បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តម Olusola Bandele Oyewole អគ្គលេខាធិការសមាគមសាកលវិទ្យាល័យអាហ្វ្រិក បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ តំណាងនៃសាកលវិទ្យាល័យនានាសរុបជាង ១៥០ រូបបានចូលរួមក្នុងកិច្ចប្រជុំនេះ។
ក្នុងឱកាសកិច្ចប្រជុំនេះ សាកលវិទ្យាល័យដែលបានជាប់ឈ្មោះក្នុងផែនការអំពីកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យមួយរយនេះ បានធ្វើបទបង្ហាញអំពីផែនការអភិវឌ្ឍន៍រៀងខ្លួន។ ឯកឧត្តម វ៉ាង ទីងហួ បានធ្វើការបកសរុបការងារមុននឹងបញ្ចប់កិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា “ផែនការអំពីកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យមួយរយ ចិន-អាហ្វ្រិក”ត្រូវបានធ្វើឡើងតាមគំនិតផ្តួចផ្តើមដ៏សំខាន់ “ផែនការអំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ចិន-អាហ្វ្រិក”ដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង ក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំចិន-អាហ្វ្រិកប្រចាំឆ្នាំ ២០២៣។ នៅខែសីហា ឆ្នាំ ២០២៣ លេខាធិការដ្ឋានប្រចាំប្រទេសចិននៃយន្តការស្តីពីការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យ ចិន-អាហ្វ្រិក ត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក៏បានចូលជាសមាជិកនៃ“ផែនការអំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ចិន-អាហ្វ្រិក”នេះ។