ភាសាខ្មែរ > ព័ត៌មាន > 正文

វេទិកាឆ្នាំថ្មី ២០២៤ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង៖ កិច្ចសន្ទនាទំនាក់ទំនងសាធារណៈចិន-អឺរ៉ុប ប្រារឰជាផ្លូវការ

Updated: 2024-01-18

នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ វេទិកាឆ្នាំថ្មី ២០២៤ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង៖ កិច្ចសន្ទនាទំនាក់ទំនងសាធារណៈចិន-អឺរ៉ុប ដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰឡើងតាមអនឡាញ និងតាមទម្រង់ផ្ទាល់។ អ្នកតំណាងដែលមកពីក្រសួងការបរទេសចិន ក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រសួងពាណិជ្ជកម្មចិន សមាគមមិត្តភាពជាមួយបរទេសប្រជាជនចិន មជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សមាគមស្រាវជ្រាវអឺរ៉ុបប្រទេសចិន ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសចិន សភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុប សាកលវិទ្យាល័យ ធនាគារខួរក្បាល និងអង្គភាពសារព័ត៌មានសំខាន់ៗ សរុបជាង ១០០ នាក់ បានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកានេះ។

គួរបញ្ជាក់ថា ពិធីសម្ពោធស្លាកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវសហភាពអឺរ៉ុប និងតំបន់បានរៀបចំក្នុងឱកាសវេទិកានេះ។

លើសពីនេះទៀត ក្នុងឱកាសនេះ មានវេទិកាចំនួនពីរទៀតបានរៀបចំឡើងក្រោមប្រធានបទ“គំរូអឺរ៉ុបក្នុងការស្រាវជ្រាវពីតំបន់និងប្រទេស” និង“កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការចិន-អឺរ៉ុបក្នុងពិភពលោកពហុប៉ូល”។ អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យ និងធនាគារខួរក្បាលសំខាន់ៗទាំងក្នុង និងក្រៅប្រទេសចិនបានពិគ្រោះពិភាក្សាអំពី“ការអភិវឌ្ឍ និងអភិបាលកិច្ចទំនើបភាវូបនីយកម្មបែបអឺរ៉ុប” និង“និម្មាបនកម្មពហុប៉ូល ការប្រកួតប្រជែងរវាងប្រទេសធំ និងទំនាក់ទំនងចិន-អឺរ៉ុប”។

ក្រៅពីនេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសមាគមទំនាក់ទំនងសាធារណៈប្រទេសចិនរួមគ្នារៀបចំវេទិកាទំនាក់ទំនងសាធារណៈចិន-អឺរ៉ុប ក្រោមប្រធានបទ“បង្កើនការយោគយល់គ្នា ដោះស្រាយការខ្វែងគំនិតគ្នា” ដោយបានអញ្ជើញឱ្យអ្នកតំណាងមកពីរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ និងមជ្ឈដ្ឋានពាណិជ្ជកម្មមកចែករំលែកបទពិសោធន៍ ស្វែងរកពុទ្ធិថ្មីនិងចំណុចឯកភាពគ្នា ក្រោមប្រធានបទសំខាន់ ៣ គឺ សន្តិភាព វិបុលភាព និងអរិយធម៌។