តាមព័ត៌មានពីវេបសាយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលចុះនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានឱ្យដឹងថា ម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែ ១ ឆ្នាំថ្មី អ្នកស្ម័គ្រចិត្តដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងឈ្មោះ កាវ សៀវហ្វាន បានទទួលទូរស័ព្ទការងារមួយ រួចហើយគាត់បានទៅបំពេញការងារភ្លាមៗ ។ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គាត់ ហើយក៏ជាថ្ងៃធម្មតាមួយក្រោយពីគាត់បានទទួលភារៈជាជំនួយការរបស់គណៈប្រតិភូអ៊ុយក្រែន ។ តាមពិតទៅ កាវ សៀវហ្វាន ជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង ៩០០ នាក់ដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។
អ្នកជំនួយការនៃគណៈប្រតិភូអាមេរិកឈ្មោះ ជូ ចាយី បានប្រាប់អ្នកកាសែតថា អ្នករាល់គ្នាមានតួនាទីស្មើគ្នា ហើយត្រូវទទួលការគោរពពីគេ ។ យើងជាមិត្តរួមការងារ ហើយកំពុងខិតខំធ្វើការងារមួយដូចគ្នា គ្មានថ្នាក់លើនិងថ្នាក់ក្រោមទេ ហើយក៏គ្មានសម្ពាធដែរ ។ នេះគឺជាបរិយាកាសការងារដែលខ្ញុំចង់បាន ។ នេះក៏ជាចំណាប់អារម្មណ៍របស់ជំនួយការគណៈប្រតិភូជប៉ុនឈ្មោះ ជូវ ក្វាងលីន ដែរ ។ និយាយលេងជាមួយគ្នា មើលការប្រកួតជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា បានធ្វើឱ្យគាត់មានការស្វែងយល់កាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការរួមសហការគ្នា ។
បើនិយាយចំពោះអ្នកស្ម័គ្រចិត្ត នេះមិនគ្រាន់តែជាឱកាសការងារមួយ ហើយក៏ជាដំណើរនៃការពង្រឹងសមត្ថភាពរបស់ខ្លួនដែរ ។ អ្នកស្ម័គ្រចិត្តរាល់គ្នាសុទ្ធតែយល់ឃើញថា ការងារនេះបានលើកកម្ពស់សមត្ថភាពរបស់ពួកគេ ចំណែកគណៈប្រតិភូដែលពួកគេកំពុងទទួលនោះ គឺជាគ្រូបង្រៀនល្អជាងគេ និងជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ពួកគេក្នុងឱកាសការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។
ថ្ងៃទី ៣១ ខែមករា ជាថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន ។ ពិតមែនតែអ្នកស្ម័គ្រចិត្តភាគច្រើនមិនអាចជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ខ្លួនក្នុងឱកាសបុណ្យប្រពៃណីនេះ ក៏ប៉ុន្តែពួកគេបានទទួលការកោតសរសើរមិនដាច់ពីមាត់ពីកីឡាករកីឡាការិនីដែលមកពីបណ្តាប្រទេសនានា ។ កញ្ញា ជូ ចាយី បានបញ្ជាក់ថា ខ្ញុំនៅតែចងចាំបានច្បាស់ថា កីឡាករវាយកូនហ្គោលលើទឹកកកម្នាក់បាននិយាយជាមួយខ្ញុំថា ស្តាយណាស់ដែលអ្នកមិនអាចទៅអបអរបុណ្យចូលឆ្នាំចិនជាមួយក្រុមគ្រួសារទេ តែខ្ញុំគិតថា ពួកគេនឹងមានកិត្តិយសដោយសារការងាររបស់អ្នក ។ រឿងនេះបានធ្វើឱ្យគាត់មានចំណាប់អារម្មណ៍ខ្លាំងណាស់ ។
នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ៨ យប់ អ្នកស្ម័គ្រចិត្តគ្រប់គ្នាសុទ្ធតែខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ហើយគ្មានអ្នកណាទៅមើលការបាញ់កាំជ្រួចសម្ពោធបើកការប្រកួតកីឡាទេ ។ ជូវ ក្វាងលីន បានបញ្ជាក់ថា ពេលនោះ ខ្ញុំកំពុងតែឆ្លងប្រវត្តិសាស្ត្រ ហើយខ្ញុំគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ។
រាល់ថ្ងៃ នៅពេលជិះរថយន្តធ្វើដំណើរទៅធ្វើការ កាវ សៀវហ្វាន តែងតែចូលចិត្តអង្គុយនៅជិតបង្អួច ហើយអាចមើលឃើញទេសភាពថ្ងៃរះឡើង ដែលផ្ទៃមេឃប្រែពីពណ៌ផ្កាឈូកទៅជាពណ៌មាស ។ គាត់មានការងារច្រើនណាស់ ស្ទើរមិនមានពេលឈប់សម្រាកសោះ ។ នេះគឺជាអ្វីដែលពួកគេកំពុងតែខិតខំធ្វើជារៀងរាល់ថ្ងៃ ។