នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកបានរួមគ្នារៀបចំកិច្ចប្រជុំបូកសរុបការងារបណ្តុះបណ្តាលធនធានគ្រូបង្រៀនតាមអនឡាញ ។ អ្នកដឹកនាំមហាវិទ្យាល័យ គ្រូបង្រៀនពាក់ព័ន្ធ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានចូលរួមក្នុងកិច្ចប្រជុំនេះ ។
ក្នុងកិច្ចប្រជុំនេះ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ដែលនឹងចូលធ្វើការជាគ្រូបង្រៀនរបស់មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានរាយការណ៍ពីស្ថានភាពអំពីការរៀនសូត្រ និងការរស់នៅរបស់ខ្លួន ។ លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី លោកស្រី លី ហុងហ្វឺង ប្រធានមហាវិទ្យាល័យសិក្សាអាហ្វ្រិក និងលោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានធ្វើការបូកសរុបពីការងារបណ្តុះបណ្តាលធនធានគ្រូបង្រៀន ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំទី ១៤” មហាវិទ្យាល័យសិក្សាអាស៊ីនឹងបង្កើតមុខវិជ្ជាឯកទេសជាភាសាបរទេសចំនួន ៦ មុខ ចំណែកមហាវិទ្យាល័យសិក្សាអាហ្វ្រិកនឹងបង្កើតមុខវិជ្ជាឯកទេសជាភាសាបរទេសចំនួន ១៥ មុខ ។