សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំវេទិកាអរិយធម៌សកល

发布时间:2023-09-19

ក្នុងឱកាសនៃការអបអរសាទរខួបលើកទី ១០ ឆ្នាំនៃការលើកឡើងពីគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” វេទិកាអរិយធម៌សកលដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមប្រធានបទ“ទំនាក់ទំនងជាមួយអរិយធម៌សកល បង្កើនការយោគយល់អន្តរជាតិ” ដើម្បីជំរុញការផ្លាស់ប្តូររវាងអរិយធម៌ផ្សេងៗ អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមមនុស្សជាតិ។ អ្នកតំណាងដែលមកពីរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ ព្រមទាំងគ្រូបង្រៀននិងនិស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង សរុបជាង ៦០០ នាក់ បានចូលរួមក្នុងវេទិកានេះ។

ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា “បង្ហាញពីភារកិច្ច និងទំនួលខុសត្រូវរបស់សាកលវិទ្យាល័យក្នុងការអនុវត្តជាក់ស្តែងអំពីអរិយធម៌សកល”។ ឯកឧត្តម គួ យ៉ាចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន ឯកឧត្តម ចាំង វៃអ៊ូ អនុប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន លោកជំទាវ Irina Bokova អតីតអគ្គនាយិកាអង្គការយូណេស្កូ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកានេះ។

ពិធីប្រកាសសមិទ្ធផលអប់រំវប្បធម៌ជាតិ“ខ្សែក្រវាត់ និងផ្លូវ”បានរៀបចំក្នុងវេទិកានេះ និងបានចាប់ដំណើរការនូវគម្រោងវេទិកាសេវាកម្មបម្រើភាសាលើពិភពលោក ដែលបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើរបាយការណ៍ដែលមានចំណងជើងថា “ជំរុញការផ្លាស់ប្តូរអរិយធម៌ បង្កើនការយោគយល់អន្តរជាតិ”។ ក្រៅពីនេះ អ្នកជំនាញការដែលមកពីប្រទេសជាច្រើន រួមមានប្រទេសអាល់ហ្សេរី ថៃ សឹង្ហបុរី និងស៊ុយអែតជាដើម ក៏បានចែករំលែកបទពិសោធន៍ក្នុងវេទិកានេះ។

ក្នុងឱកាសនេះ នៅមានសាខាវេទិកាមួយចំនួនត្រូវបានរៀបចំដោយផ្តោតសំខាន់លើប្រធានបទ “សហគមន៍វាសនារួម៖ បញ្ហាប្រឈម និងអនាគត” “ភាសានិងអរិយធម៌មនុស្សជាតិ” “ការផ្សព្វផ្សាយអន្តរជាតិ និងការយោគយល់ឆ្លងវប្បធម៌” “សមភាពការអប់រំ និងអនាគតពិភពលោក” “ខួបលើកទី ១០ នៃខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការ RCEP” “អរិយធម៌សកល និងភារកិច្ចយុវជន” “រូបភាពថ្មីនៃការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ដោយចីរភាព និងការអភិវឌ្ឍន៍នៃមនុស្សជាតិ”ជាដើម។ អ្នកតំណាងដែលមកពីភាគីនានាបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទខាងលើ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC