ពិធីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ប្រារឰជាផ្លូវការ

发布时间:2021-10-01

 

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ ពិធីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានរៀបចំដោយជោគជ័យ ។ ឯកឧត្តម ស៊ី ជីនភីង បានសរសេរសំបុត្រឆ្លើយតបសាស្ត្រាចារ្យចាស់នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដើម្បីសម្តែងនូវការអបអរសាទរខួបលើកទី ៨០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងការសួរសុខទុក្ខជាមួយគ្រូបង្រៀន និងនិស្សិតទាំងឡាយនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។

ឯកឧត្តម ជូង តឹងហួ អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន បានមានប្រសាសន៍ថា ក្រោយពីត្រូវបានបង្កើតឡើងរៀងមក សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបណ្តុះបណ្តាលនូវធនធានមនុស្សមួយចំនួនធំទាំងលើវិស័យកិច្ចការបរទេស ការទូត ពាណិជ្ជកម្មអន្តរជាតិ និងភាសាបរទេស ។ ឯកឧត្តមសង្ឃឹមថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវភារកិច្ចមូលដ្ឋានអំពីការកសាងសីលធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ខិតខំប្រឹងប្រែងដើម្បីធនធានមនុស្សដែលមានសមត្ថភាពចម្រុះ មានមនោសញ្ចោតនាស្នេហាជាតិ មានចក្ខុវិស័យអន្តរជាតិ និងមានមុខវិជ្ជាជំនាញ ហើយត្រូវជំរុញឱ្យសាស្ត្រាចារ្យចាស់ដើរតួនាទីនាំមុខគេ ដើម្បីធ្វើជាអ្នកនាំផ្លូវរបស់សិស្សានុសិស្ស ។

ឯកឧត្តម Movses Abelian អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ បានផ្ញើលិខិតអបអរសាទរមកឱ្យសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដោយបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយសង្ឃឹមថាសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងអាចរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាបរទេសដែលមានគុណភាពខ្ពស់ ។

ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះឥស្សរជនដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនោះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងតែងតែដើរតួនាទីឈានមុខក្នុងការអភិវឌ្ឍវិស័យអប់រំភាសាបរទេសនៃប្រទេសចិន និងឈរនៅក្នុងជួរមុខនៃការផ្លាស់ប្តូរអរិយធម៌ពិភពលោក ហើយបានចូលរួមចំណែកក្នុងការជំរុញឱ្យប្រជាជាតិ និងប្រជាជនចិនដើរឆ្ពោះទៅកាន់ពិភពលោក ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១ ជាឆ្នាំដំបូងដែលប្រទេសយើងចាប់ដំណើរការថ្មីនូវការកសាងប្រទេសសង្គមនិយមទំនើបភាវូបនីយកម្មគ្រប់ជ្រុងជ្រោយ និងដើរឆ្ពោះទៅកាន់“គោលដៅមួយរយឆ្នាំ”ទី ២ ។ យើងត្រូវចាត់ទុកការគម្រប់ខួបលើកទី ៨០ នេះជាទីចាប់ផ្តើមថ្មី ដើម្បីរួមវិភាគទានកាន់តែច្រើនទៀតក្នុងការជំរុញឱ្យប្រទេសចិនដើរឆ្ពោះទៅកាន់ពិភពលោក និងជំរុញឱ្យពិភពលោកមានការស្វែងយល់កាន់តែច្រើនអំពីប្រទេសចិន ។

ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរនេះ ។ ឯកឧត្តមបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបានសម្តែងនូវការរំពឹងទុកចំពោះអនាគតកាល ។ ឯកឧត្តមបានបញ្ជាក់ថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាអ្នកត្រួសត្រាយផ្លូវ អ្នករួមវិភាគទាន និងអ្នកនាំមុខគេក្នុងវិស័យអប់រំភាសាបរទេសថ្នាក់ឧត្តមសិក្សានៃប្រទេសចិន ។ និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងតែងតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ និងសកម្មភាពអន្តរជាតិសំខាន់ ដែលបានធ្វើឱ្យប្រទេសចិនយល់ដឹងពីពិភពលោកដ៏ចម្រុះពណ៌ និងធ្វើឱ្យពិភពលោកយល់ដឹងពីប្រទេសចិនដែលកំពុងរីកចម្រើនទៅមុខ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ឈរលើទីចាប់ផ្តើមថ្មី សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងខិតខំកសាងសាកលវិទ្យាល័យភាសាបរទេសដែលមានលក្ខណៈអន្តរជាតិ មានចំណុចពិសេសរបស់ខ្លួន មានកម្រិតថ្នាក់ខ្ពស់ និងមានមុខងារចម្រុះ ហើយជាប់លំដាប់លេខ ១ លើពិភពលោក ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យសាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្លាយជាអ្នករុករកវៃឆ្លាតអំពីភាសានានា អ្នកអនុវត្តជាក់ស្តែងនៃបដិវត្តន៍ការអប់រំភាសា និងជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍន៍ដោយនវានុវត្តន៍នៃសាកលវិទ្យាល័យភាសាបរទេសលើពិភពលោក ។

ឯកឧត្តម ហាវ ភីង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង តាងនាមសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសចិន បានថ្លែងសុន្ទរកថាអបអរសាទរ ។ ឯកឧត្តមបានលើកឡើងថា ដំណើរវិវឌ្ឍន៍រយៈពេល ៨០ ឆ្នាំបានធ្វើឱ្យសាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្លាយទៅជាសាកលវិទ្យាល័យដែលបង្រៀនភាសាបរទេសច្រើនជាងគេ មានឈ្មោះល្បីល្បាញក្នុងការសិក្សាស្រាវជ្រាវ និងមានឥទ្ធិពលខ្លាំងក្លាលើពិភពលោក ។ ឯកឧត្តម វីក្តូ អាតុនណូវេ សាទួហ្វឈី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមូស្គូ តាងនាមសាកលវិទ្យាល័យបរទេសដែលបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ឯកឧត្តម អាលី ហ្សាស៊ីលី តាងនាមមន្ត្រីការទូតនៃប្រទេសផ្សេងៗប្រចាំនៅប្រទេសចិន បានថ្លែងសុន្ទរកថាអបអរសាទរ ។ ឯកឧត្តម ចាំង យឺសួយ សមាជិកជាប្រធាននៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនតាងនាមនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងចំណាប់អារម្មណ៍របស់ខ្លួន ។ លោកសាស្ត្រចារ្យ យឹន វិន ព្រឹទ្ធបុរសនៃមាហវិទ្យាល័យបកប្រែជាន់ខ្ពស់ តាងនាមគ្រូបង្រៀននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងចំណាប់អារ្មណ៍របស់ខ្លួន ។

ឯកឧត្តម ជឹង ជីឈុន អគ្គលេខាធិការរងនៃគណៈកម្មាធិការការងារអប់រំក្រុងប៉េកាំង ឯកឧត្តម លី ចាវស៊ីង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសចិន ឯកឧត្តម ឈីវ យាន់ភីង អនុប្រធានគណៈកម្មាធិការកិច្ចការហុងកុង ម៉ាកាវ និងតៃវ៉ាន់នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ឯកឧត្តមឧត្តមសេនីយ៍ទោ ឆឹន ជីនហ្វី អនុប្រធានគណៈកម្មាធិការនយោបាយនៃកងកម្លាំងនគរបាលប្រដាប់អាវុធចិន និងអ្នកដឹកនាំជាន់ខ្ពស់មួយចំនួនទៀត បានអញ្ជើញចូលរួមពិធីអបអរសាទរនេះ ។ ក្រៅពីនេះ នៅមានភ្ញៀវកិត្តិយសដែលមកពីវិស័យកិច្ចការបរទេស ទំនាក់ទំនងការទូត ពាណិជ្ជកម្មអន្តរជាតិ និងភាសាបរទេសជាដើម ក៏បានអញ្ជើញចូលរួមពិធីនេះដែរ ។

 

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC